អំពីសមាគមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ស.ស.ក.)

            សមាគមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានបង្កើតឡើងដោយសមាគមជាច្រើន និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ តាមប្រកាសលេខ២៨៥៧ ប្រក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ និងមានអាសយដ្ឋានស្នាក់ការកណ្ដាលស្ថិតនៅអាគារលេខ ៥០-៥២ ជាន់ទី១១ ផ្លូវ១៧២ ភូមិទី១១ សង្កាត់ផ្សារថ្មីទៅ៣ ខណ្ឌដូនពេញ រាធានីភ្នំពេញ។

អត្តសញ្ញាណ

            ឈ្មោះជាភាសារខ្មែរ សមាគមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអក្សរកាត់ (ស.ស.ក.) និងអក្សរជាឡាតាំង Informal Economy League Association អក្សរកាត់ (IEL) ។

            ស.ស.ក. គឺជាសមាគម មិនស្វែងរកប្រាក់កម្រៃជាឯកជន អព្យាក្រឹត្យ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់និន្នាការនយោបាយ មិនធ្វើនយោបាយ មិនធ្វើជាឧបការណ៍នយោបាយ ក្នុងនោះរួមមាន មិនផ្ដល់ជាមធ្យោបាយជាសម្ភារៈ ហិរញ្ញវត្ថុ ធនធានមនុស្ស ដើម្បីគាំទ្រគណបក្សនយោបាយណាមួយឡើយ។

គោលបំណង

ស.ស.ក. បង្កើតឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖

  • បម្រើដល់សមាជិក ដើម្បីបម្រើឱ្យបុព្វហេតុសមគមជួយអភិវឌ្ឍន៍ និងផ្ដោតសំខាន់លើសេដ្ឋកិច្ចសង្គម
  • ធ្វើជាតំណាង និងការពារផលប្រយោជន៍របស់សមាជិក ស.ស.ក.
  • បង្រួបបង្រួមដើម្បីសហការទំនាក់ទំនងគ្នា ក្នុងការស្វែងរកភាពរីកចម្រើនក្នុងសមាគម
  • រួបរួមគ្នាដើម្បីជួយគ្នាដោះស្រាយនូវការលំបាកក្នុងការរស់នៅ ការលំបាកនៅក្នុងមុខរបប រួមសុខរួមទុក្ខ ចែករំលែកនូវការយល់ដឹង និងធនធានដើម្បីកសាងសេដ្ឋកិច្ច និងមនុស្សធម៌ ប្រកបដោយសុខដុមនីយកម្ម
  • ចូលរួមក្នុងការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរឹងមាំ។
គោលដៅ

ស.ស.ក. មានគោលដៅបម្រើសមាជិកភាព និងបង្កើតទំនាក់ទំនងល្អក្នុងសមាគម និងសង្គមជាតិសំដៅចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្លាយជាចលករសេដ្ឋកិច្ចដ៏សំខាន់ និងមានអត្ថប្រយោជន៍ដល់កម្ពុជា។

អំពីសមាជិកភាព

            ស.ស.ក. នឹងផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋ (រូបវន្តបុគ្គល) ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ឬនីតិបុគ្គលស្រប់ច្បាប់នានាមានសិទ្ធសុំចូលរួមជាសមាជិករបស់ ស.ស.ក. បាន។ ប្រភេទសមាជិកភាពរួមមាន៖ សមាជិកស្ថាបនិក សមាជិកកិត្តិយស សមាជិកសកម្ម សមាជិកគាំទ្រ។ ការចូលរួមតាមការស្មគ្រចិត្ត និងតាមការសម្រេចរបស់គណៈកម្មាធិការវាយតម្លៃរបស់ ស.ស.ក.។

            សមាជិកភាពគោលដៅ របស់ស.ស.ក. រួមមានសមាគម សម្ពន្ធ សហព័ន្ធ បណ្តាញ មជ្ឈមណ្ឌល ក្រុមហ៊ុន និងស្ថាប័ន ដែលជានីតិបុគ្គលស្របច្បាប់ គ្របដណ្តប់ វិស័យ ដែលមានប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាព (ដូចកំណត់ក្នុង បញ្ជីរស់ របស់យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ និងបន្ថែមផ្សេងតាមការកំណត់របស់ស.ស.ក.)ដូចជា៖

1. សេវាកម្មលក់ដុំ លក់រាយ និងជួសជុល

2. សេវាកម្មស្នាក់នៅ និងអាហារ

3. សិប្បកម្ម

4. កសិកម្ម

5. សេវាកម្មសំណង់

6. សេវាកម្មភេសជ្ជៈ កម្សាន្ត និងម៉ាស្សា

7. សេវាកម្មកែសម្ផស្ស សាឡន និងជាងកាត់សក់

8. សេវាកម្មដឹកជញ្ជូន ម៉ូតូឌុប ម៉ូតូកង់បី អ្នករត់ម៉ូតូដឹកទំនិញ និងអ្នករត់តាក់ស៊ី

9. សេវាកម្មលក់តាមផ្សារ

10. សេវាកម្មសិល្បៈ

11. សេវាកម្មកីឡា

12. សេវាកម្មសារព័ត៌មាន

13. សេវាកម្មចល័តតាមដងផ្លូវ

14. សេវាកម្មតាមពិធី

15. សេវាកម្មជំនាញ ដូចជាបុគ្គលស្វ័យនិយោជន៍ ផ្តល់សេវាបច្ចេកវិទ្យា មគ្គុទេសទេសចរណ៍ ។ល។

ប្រភពធនធាន ទ្រព្យសម្បត្តិ

ស.ស.ក. មានប្រភពមូលនិធិបានមកពី៖

  • ភាគទាន ឬវិភាគទាន ឬបរិវិសទានរបស់សមាជិក
  • ធនធាន ទ្រព្យសម្បត្តិផ្ទាល់របស់សមាគម
  • អំណោយស្របច្បាប់ពីរូបវន្តបុគ្គល ឬនីតិបុគ្គល
  • ចំណូលពីប្រភពស្របច្បាប់ផ្សេងទៀត។
Chat with Support